យុវតីមិនស្លៀកហូលផាមួង ព្រោះខ្លាចចាស់ឬ? Trackback
ថ្ងៃនេះជាបិណ្ឌទី១០ហើយ ស្ទើរតែគ្រប់វត្តអារាមទាំងអស់មាន ពុទ្ធបរិស័ទ ទាំងក្មេងទាំងចាស់ បានយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ និងដាក់បាតឧទ្ទិសកុសលដល់បុព្វការីជនរបស់ខ្លួន។ ក្នុងចំណោមអ្នកទៅវត្តទាំងនោះ គេសង្កេតឃើញថា យុវតីភាគច្រើន មិនសូវស្លៀកសំលៀកបំពាក់បែបប្រពៃណីខ្មែរដូចជា អាវប៉ាក់ សំពត់ ហូលផាមួងឡើយ ភាគច្រើនពួកគេស្លៀកសំពត់ខ្មៅ អាវស ជាឯកសណ្ឋានសិស្សទៅវិញ។
សង្កេតឃើញយ៉ាងនេះដែរ យុវជន ទ្រឿង វណ្ណា អតីតនិស្សិតនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានឲ្យដឹងថា គេឃើញភាគច្រើន តែវ័យចំណាស់ៗទេ ដែលស្លៀកពាក់ហូលផាមួង ទៅវត្ត ហើយចំពោះអ្នកក្មេងៗ ជាពិសេស សិស្ស និងនិស្សិតវិញ ភាគច្រើនគេ ចូលចិត្តស្លៀកពាក់បែបកូនសិស្សជាង។ យុវជនម្នាក់នេះ បានលើកឡើងថា “បើតាមខ្ញុំវិញ យល់ថា មកពីស្លៀកពាក់បែបនេះ ងាយស្រួល ហើយមើលទៅសម្រស់នៅក្មេងទៀតផង ប៉ុន្តែបើស្លៀកពាក់ប្រពៃណីវិញ មើលទៅសុភាព ហើយចាស់ទុំបន្តិច”។
ស្រដៀងគ្នានេះដែរ យុវតី ច័ន្ទ ខេមរ៉ា បានយកចង្ហាន់មកប្រគេនព្រះសង្ឃនៅវត្ត នាគវ័ន ជាមួយក្រុមគ្រួសារ បានឲ្យដឹងដែរថា រូបគេក៏សង្កេតឃើញដូច្នេះដែរ។ កញ្ញា យល់ថា សម្រាប់ការស្លៀកពាក់មកធ្វើបុណ្យ មិនចាំបាច់ប្រកាន់នោះទេ ឲ្យតែសមរម្យទៅបានហើយ។ ទោះជាយ៉ាងណា កញ្ញា ម្នាក់នេះយល់ថា ការស្លៀកហូលផាមួងស្អាត។ ប៉ុន្តែ ខេមរ៉ា គិតថា ការស្លៀកហូលផាមួង មើលទៅដូចជាចាស់ទុំពេក មិនសមវ័យខ្លួននោះទេ ម្យ៉ាងដោយ ខែនេះ ភ្លៀងធ្លាក់ច្រើនផង ហូលផាមួងពិបាកបោកណាស់ ទើបយុវតី មួយចំនួនមិននិយមស្លៀកនោះទេ។
No comments:
Post a Comment